កូនទន្សាយសចេះស្តី

Monday, August 10, 2009

កាលពីយូរលង់ណាស់មកហើយ មានកូនទន្សាយសមួយរស់នៅជាមួយមេរបស់វា។ កូនន្សាយ​សនេះឆ្លាតណាស់ រៀនឆាប់ចេះហើយតែងតែចង់ដឹងចង់យល់។

ថ្ងៃមួយកូនទន្សាយស បានទៅលេង ផ្ទះមិត្តភក្តិរបស់វា។​ វាស្តាប់ឮ​មេទន្សាយជាម្តាយមិត្តភក្តិវា ប្រាប់កូនថា “ពេលចាស់ៗនិយាយ ហាម​ក្មេង​ៗលូកមាត់”។ កូនទន្សាយស ឮមេទន្សាយប្រាប់កូនដូច្នេះ ក៏សួរថា “ហេតុអី បានជាមីងមិនឱ្យកូន មីងនិយាយពេលដែលមីងនិងពូនិយាយគ្នាអញ្ចឹង?”

មេទន្សាយៈ “ពួកឯងនៅក្មេងណាស់ ដូច្នេះពួកឯងមិនយល់ការអ្វីទេ។”

កូនទន្សាយសៈ “មីងនិយាយអញ្ចឹងមិនត្រូវទេ ម៉ាក់ខ្ញុំ ប្រាប់ខ្ញុំថា អ្នកគ្រប់គ្នាសុទ្ធ​តែមាន​ការ​យល់ដឹងទាំងអស់គ្នាហ្នឹង មិនថាក្មេងឬចាស់ទេ។ គាត់ប្រាប់ខ្ញុំទៀត​ថា​ ពេលខ្លះគាត់មិនដឹងអ្វីដែលខ្ញុំដឹងផងក៏មាន។”

មេទន្សាយៈ “មីងមិនជឿថាក្មេងៗ ដឹងច្រើនជាងចាស់ៗទេ។ ហេតុអ្វីបានជាម៉ាក់ឯង និយាយដូច្នេះ?”

កូនទន្សាយសៈ “មីងសាកគិតទៅមើល ថាតើកូនមីង ក៏ដូចជាខ្ញុំដែរ បានចេះដឹងអ្វីខ្លះពី សាលារៀន និងការទូន្មានរបស់ចាស់ៗជាច្រើននាក់នោះ? ខ្ញុំដឹងថា ចាស់ៗមានបទពិសោធច្រើនជាងក្មេង តែមិនមានន័យថាចាស់ៗចេះ​ដឹង គ្រប់អ្វីៗទាំងអស់នោះទេ។”

មេទន្សាយៈ “អញ្ចឹងប្រាប់មីងមកមើល តើអ្វីដែលឯងដឹង ហើយមីងមិនដឹងនោះ?”

កូនទន្សាយសៈ “ងាយណាស់មីង ខ្ញុំដឹងថា ក្មេងៗក៏មានការយល់ដឹង និងគំនិតឆ្នៃប្រឌិត​ដូចជាមនុស្សចាស់ដែរ តែមីងមិនដឹងពីបញ្ហានេះទេ។ មែនទេ?​ អញ្ចឹង​បាន​ជាមីង មិនឱ្យកូនមីងនិយាយអ្វី ពេលមីងជជែកគ្នាជាមួយពូ​នោះ​អី។ តើត្រូវទេ?”

ពាក្យថ្មីៈ ភ្នំចាស់ក៏ខ្ពស់ ភ្នំក្មេងក៏ខ្ពស់​

0 comments:

Design of Open Media | Source: Free Blogger Templates