កាលពីព្រេងនាយ មានចង្រិតចិត្តធម៌មួយ ដែលតែងតែ ជួយដល់អ្នកក្រីក្រទន់ខ្សោយ។ មានថ្ងៃមួយនោះ ពេលត្រឡប់ពីប្រគំតន្ត្រីវិញ ចង្រិតចិត្តធម៌បានពើបប្រទះនឹងកណ្តូបអត់ឃ្លានមួយ កំពុងដេកដួលអស់កំលាំងក្រោមដើមជ្រៃមួយ ដើមក្បែរមាត់ត្រពាំង។ ចង្រិតចិត្តធម៌ បានឱ្យគ្រាប់ស្រូវមួយគ្រាប់ដែលខ្លួនមានទៅកណ្តូបកំសត់នោះ។ កណ្តូបកំសត់ត្រេកអរណាស់ ហើយទទួលយកគ្រាប់ស្រូវមួយគ្រាប់នោះប្រកបដោយក្តីរីករាយ។
លុះក្រោយមកគាប់ជូនថ្ងៃមួយ មានភ្លៀងផ្គរយ៉ាងខ្លាំង ពេលនោះចង្រិតចិត្តធម៌ត្រូវខ្យល់បោកបក់ធ្លាក់ចូលក្នុងទឹកអូរ។ ចង្រិតចិត្តធម៌ភ័យខ្លាំងណាស់ព្រោះខ្លួនមិនចេះហែលទឹកទេ។ ពេលនោះស្រាប់តែមានហ្វូងកណ្តូបមួយហ្វូងធំ ហើរមកជួយស្រង់ចង្រិតចិត្តធម៌ចេញពីក្នុងទឹកអូរដែលកំពុងតែហូរក្មួចក្មាញ់ គួបផ្សំនិងកំលាំងខ្យល់ និងភ្លៀងយ៉ាងខ្លាំងផងនោះ។ ក្រោយពីជួយស្រង់ចង្រិតចិត្តធម៌ចេញពីទឹក ហើយនាំទៅកន្លែងសុវត្ថិភាព មានកណ្តូបមួយ ដើរមករកចង្រិតចិត្តធម៌ហើយពោលថាៈ “តើបង យ៉ាងមេចហើយ? មានត្រូវរបួសត្រង់ណាទេ?”
ចង្រិតចិត្តធម៌ៈ “ខ្ញុំមិនអីទេ។ អរគុណហើយដែលបានជួយសង្គ្រោះជីវិតខ្ញុំ។”
កណ្តូបៈ “មិនបាច់គុណស្រ័យអីទេ។ ខ្ញុំត្រេកអរណាស់ដែលបងមិនអី ។ បងមានចាំកណ្តូបមួយនៅក្បែរមាត់ត្រពាំង ដែលបងបានឱ្យគ្រាប់ស្រូវមួយគ្រាប់កាលពីថ្ងៃមុនទេ?”
ចង្រិតចិត្តធម៌ៈ ”ខ្ញុំចាំបាន។ តើប្អូនជាកណ្តូបមួយនោះមែនទេ?”
កណ្តូបៈ “ទេខ្ញុំមិនមែនជាកណ្តូបមួយនោះទេ ខ្ញុំជាមិត្តភក្តិរបស់កណ្តូបនោះ។ ខ្ញុំឮគេនិយាយតៗគ្នាពីបង ថាបងជាអ្នកមានចិត្តសប្បុរសធម៌ តែងតែជួយអ្នកជួបការលំបាក។ ខ្ញុំកោតសរសើរបងខ្លាំងណាស់ ហើយខ្ញុំចង់យកគំរូតាមបងដែរ គឺជួយអ្នកទន់ខ្សោយ និងជួបការលំបាកតាមលទ្ធភាពដែលខ្ញុំអាចជួយពួកគេបាន។”
ចង្រិតចិត្តធម៌ៈ “ល្អហើយប្អូន។ ការដែលមានគំនិតចង់ជួយអ្នកជួបការលំបាកបែបនេះល្អ ណាស់។ បើសង្គមយើងមានអ្នកចេះជួយគ្នាទៅវិញទៅមកបែបនេះ នោះសង្គមយើងនឹង ក្លាយជាសង្គមដែលមានសុភមង្គលជាមិនខានឡើយ។”
“ជួយគ្នាក្នុងគ្រាមានអាសន្នអន់ក្រ”
0 comments:
Post a Comment